ប្រភពពីរៀនដើម្បីខ្មែរ
នៅវេលាម៉ោង ៧យប់ ថ្ងៃទី ២៥ ឧសភា ឆ្នាំ២០១២នេះ មានការប្រគំតន្ត្រីខ្នាតតូចមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាកម្មវិធីឃោសនារកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏ឃើញមានក្រុមកំប្លែងរបស់នាយក្រឹមមកសម្ដែងជូនកម្សាន្ដផងដែរ។ បន្ទាប់ពីខ្ញុំបានចេញពីរៀន ជិះម៉ូតូមកដល់ផ្ទះភ្លាមក៏ងូតទឹកហើយ ចេញទៅមើលការច្រៀង និងសម្ដែងរបស់កម្មវិធីនេះ។
ខ្ញុំបានឈរមើលការប្រគំតន្ត្រីនេះ បានរយៈពេលប្រហែលជា កន្លះម៉ោង ក៏ស្រាប់តែភ្ញាក់ផ្អើល និងសំដីរបស់តារាកំប្លែង នាយក្រឹម រូបនេះបានបង្ហាញក្នុងនាមជាអ្នកអត្ថាធិប្បាយ ដោយឃោសនាថា៖ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេច តេជោ ហ៊ុនសែនជាថ្នាក់ដឹកនាំ! ទីណាមានសម្ដេច ទីនោះមានការអភិវឌ្ឍន៍ជានិច្ច សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជា សុខទុក្ខរបស់សម្ដេច ហ៊ុនសែន! ហើយសម្ដេច បានប្រកាសយ៉ាងច្បាស់ថា បើបងប្អូនពលរដ្ឋមានបញ្ហារត់រកគណបក្សប្រឆាំង នោះសម្ដេចមិនជួយជាដាច់ខាត តែបើមានបញ្ហារត់រក សម្ដេច នោះសម្ដេចនឹងជួយ។