ប្រភពពីរៀនដើម្បីខ្មែរ
នៅវេលាម៉ោង ៧យប់ ថ្ងៃទី ២៥ ឧសភា ឆ្នាំ២០១២នេះ មានការប្រគំតន្ត្រីខ្នាតតូចមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាកម្មវិធីឃោសនារកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏ឃើញមានក្រុមកំប្លែងរបស់នាយក្រឹមមកសម្ដែងជូនកម្សាន្ដផងដែរ។ បន្ទាប់ពីខ្ញុំបានចេញពីរៀន ជិះម៉ូតូមកដល់ផ្ទះភ្លាមក៏ងូតទឹកហើយ ចេញទៅមើលការច្រៀង និងសម្ដែងរបស់កម្មវិធីនេះ។
ខ្ញុំបានឈរមើលការប្រគំតន្ត្រីនេះ បានរយៈពេលប្រហែលជា កន្លះម៉ោង ក៏ស្រាប់តែភ្ញាក់ផ្អើល និងសំដីរបស់តារាកំប្លែង នាយក្រឹម រូបនេះបានបង្ហាញក្នុងនាមជាអ្នកអត្ថាធិប្បាយ ដោយឃោសនាថា៖ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេច តេជោ ហ៊ុនសែនជាថ្នាក់ដឹកនាំ! ទីណាមានសម្ដេច ទីនោះមានការអភិវឌ្ឍន៍ជានិច្ច សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជា សុខទុក្ខរបស់សម្ដេច ហ៊ុនសែន! ហើយសម្ដេច បានប្រកាសយ៉ាងច្បាស់ថា បើបងប្អូនពលរដ្ឋមានបញ្ហារត់រកគណបក្សប្រឆាំង នោះសម្ដេចមិនជួយជាដាច់ខាត តែបើមានបញ្ហារត់រក សម្ដេច នោះសម្ដេចនឹងជួយ។
គណបក្សប្រជាជន មិនមិនចេះរត់ចោលស្រុកដូចអ្នកប្រឆាំងឡើយ ពួកអ្នកប្រឆាំងផ្ទះនៅណា? នៅជិតនេះសោះ ម្ដុំក្បែរស្ថានទូតនៅស្រុកខ្មែរយើងនោះ គ្រាន់តែមានរឿងស្រាប់តែរត់ទៅក្រៅប្រទេសបាត់ ហើយសុខៗទៅដកបង្គោលព្រំដែន ហើយរត់ចេញក្រៅ ដល់ចឹងបងប្អូនខ្មែរនៅនេះជាអ្នកជាប់គុក ហ្នឹងទូកទៅកំពង់នៅ! ចឹងបានថា កុំសូវទុកចិត្តពេក បោះឆ្នោតជូនគណបក្សប្រជាជនទៅ។
បន្ទាប់ពីនោះមកក៏ឃើញមានលោកអភិបាលខណ្ឌទួលគោកឡើងធ្វើកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសង្កាត់បឹងសាឡាងនេះដែរ។ ដំបូងឡើយខ្ញុំទៅឈរមើលក្រុមកំប្លែង នាមក្រឹមច្រៀងសម្សាន្តតែដោយសារឃើញ នាយក្រឹម និយាយរឿងនិយាយបាយច្រើនពេក និយាយម្ខាងៗ ហើយបង្អាប់ម្ខាងៗ បែបនេះ ខ្ញុំដូចមិនសូវចូលចិត្តសោះ ព្រោះថានាយក្រឹមគឺជាអ្នកសិល្បៈម្នាក់ដែរ ខ្ញុំគិតថាគាត់គួរតែបំពេញ តែតួនាទីរបស់គាត់ក្នុងការសម្ដែងកំប្លែង និង ចម្រៀងទៅបានហើយ ចំណែករឿងឃោសនាទុកអោយអ្នកដឹកនាំសមាជិកឃុំសង្កាត់ជាអ្នកនិយាយទៅចុះ។ ព្រោះថាខ្ញុំទៅមើលគាត់ច្រៀង មើលគាត់លេងកំប្លែងខ្ញុំមិនមែនទៅមើលគាត់ និយាយដៀមដាមនយោបាយបែបនេះឡើយ។
No comments:
Post a Comment