ស្ថាបត្យកម្មខ្មែរកម្ពុជាក្រោមនៅខេត្តឃ្លាំង

អត្ថបទដកស្រង់ពី http://dcds1.blogspot.com

ខេត្តឃ្លាំង មានវត្តខ្មែរចំនួន៩២វត្ត ស្ថាបត្យកម្មនៃវត្តមួយៗ ប្រកបទៅដោយលក្ខណៈ វប្បធម៌ សិល្បៈ ដ៏ពិសេសរបស់ ជនរួមជាតិខ្មែរ។ ក្រៅពីវត្ត ដែលធ្លាប់ល្បីល្បាញ ដូចជាវត្តមហាទប់ វត្តខ្លាំង វត្តដីឥដ្ឋ (ដឹកស្រែ) ខេត្តឃ្លាំង មានវត្តមួយ មានឈ្មោះល្បីរន្ទឺ ដោយក្បូរក្បាច់រចនា​ដែល​តុបតែង​​ឡើងអម្បែងចានបងើ្កតទៅជាស្ថាបត្យកម្មមួយ ប្រភេទ​ដែលប្រកបទៅដោយ​លក្ខណៈវប្បធម៌នៃ ជនជាតិ​ខ្មែរសុទ្ធសាធ គឺវត្តសេរីសុខុមសង្គមមានជ័យ​(ស្រឡូង)។ ច្រើនឆ្នាំកន្លងមក វត្តនេះមានភ្ញៀវទេសចរណ៍​យ៉ាងច្រើន ពីគ្រប់ទិសទី មកទស្សនា និងបូជាព្រះពុទ្ធ។

វត្តសេរីសុខុមសង្គម មានជ័យនៅ ឃុំដាយតឹម ស្រុកបាយឆៅ (ប្រជាជន​វៀតណាម​ហៅស្រុក ម៉ីស្វៀង) ខេត្តឃ្លាំង ចម្ងាយ​ពីទីក្រុងខេត្តឃ្លាំង​ប្រមាណ១២គីឡូម៉ែត្រ ឆ្ពោះទៅខេត្តពលលាវ។ ខ្លោងទ្វារវត្តមានរូប​ចម្លាក់សត្វសិង្ហពីរ​ ធ្វើពិស៊ីម៉ងត៍ អង្គុយលើផែនថ្មខ្ពស់ បែរមុខទៅ​ទិស​ខាង​កើត​ក្នុងឥរិយាបថយាមការពារ ខ្លោងទ្វារវត្តមានសណ្ឋានកំពូលបី ដែលប្រកប​ដោយក្បូរក្បាច់ រចនាប្រពៃណី។ ជាពិសេស​កំពូលកណ្តាល​នៃខ្លោងទ្វារ​មានពុទ្ធបដិមា​ទ្រង់គង់មួយអង្គ គួរជាទី​គោរពបួជា។ ឈានចូល​ខាងក្នុង​បរិវេណវត្ត គេឃើញាមាន​រូបចម្លាក់ទេព ប្រណម​ពីរជួរ​សងខាងផ្លូវ ដែលលើកហត្ថាប្រណមស្វាគមន៍។ 

វត្តស្រឡូង​បានកសាងនៅឆ្នាំ ១៨១៥ ដោយគ្រឿងឈើប្រក់ស្លឹក។ ក្រោយពីរងគ្រោះ ព្រោះសង្គ្រាមច្រើនលើក ច្រើនសារមកនៅឆ្នាំ ១៩៦៩ វត្តបានកសាងឡើងវិញ រហូតដល់ឆ្នាំ ១៩៨២ បានសម្រេចជាស្ថាពរ។ ព្រះវិហារកសាងឡើង​ដោយប្រើ​​ស៊ីម៉ងត៍ដ៏រឹងមាំ ជញ្ជាំង​ក្រៅ​បិទឥដ្ឋ និងអម្បែងចាន។ តាមព្រះថេរដីការរបស់ព្រះតេជគុណ ឡឹមចាញ់ ព្រះចៅអធិការរង បានឲ្យដឹងថា នៅពេល​ដំណើរការ​សាងសង់ ដោយសារ​វត្ត​ខ្វះថវិកាទិញឥដ្ឋ បិទជញ្ជាំង ហេតុនោះព្រះសង្ឈ ក៏បវារណាពុទ្ធបរិស័ទប្រគេនអម្បែងចាន​ដើម្បីឲ្យសិប្បកម្មខ្មែរបិទ ស្អិតស្អាងជញ្ជាំងព្រះវិហារ ហើយការបិទទៀតសោត គឺមានក្បូរក្បាច់ រចនាផ្សេងៗ ដូចជាផ្កាអង្គា ផ្កាកូលាប រូបនាគ។ល។ 

ដូចជាវត្តខ្មែរដទៃទៀតដែរ ដំបូលវត្តស្រឡូង​ក៏មានបីជាន់ដែរ ដែល​ជាន់ខាងក្រោមធំបំផុត រីឯជាន់ខាងលើ ជាបន្តបន្ទាប់កាន់​តែតូចទៅៗ ហើយខ្ពស់ត្រដឹម។ ជាន់និមួយៗមានក្បូរក្បាច់​រចនាច្រើន ព្រមទាំងមានរូបចម្លាក់​ជានិមិត្តរូប​នៃសន្តិភាព និងការរួចចាក​ពី​ទុក្ខ​កង្វល់​ទាំងពួង។ ខាងមុខព្រះវិហារគឺជាជញ្ជាំង​ដែល​ថ្មបានបិទដោយអម្បែងចាន រំលេច​ក្បូរក្បាច់​គួរជាទី​គយគន់ និង​មានភាពវិសេស​វិសាល​ពន់ពេក​ក្រៃ។ ឈានចុលខាងក្នុងព្រះវិហារ​គេឃើញមាន ព្រះបដិមា​ចំនួន​២០អង្គ ទ្រង់ឈរ ទ្រង់គង់​គ្រប់​​ឥរិយាបថ។ រីឯ​ជញ្ជាំង​ជុំវិញ​គឺ ជា​គំនូរ​តាមលំនាំពុទ្ធប្បវត្តិ ដែល​មាន​ចាប់តាំងពីទ្រង់​ប្រសូធិ រហូតដល់ទ្រង់​ចូល​បរិនិព្វាន។ ខ្លោងទ្វារខាងក្រៅ​ព្រះវិហារបានឆ្លាក់​រូបនាគមួយគូរ និង​សសរខាងក្រៅ ជុំវិញព្រះវិហារ មានរុបចម្លាក់កិន្នរ នៅតាម​គ្រប់​សសរ រីឯសសរបួនជ្រុង មានរូបក្រុឌ ដែល​អាច​និយាយ​បានថា​ព្រះវិហារវត្ត ស្រឡូង គឺជាស្នាដៃកូនខ្មែរ​ដែលបង្កើតឡើង​បានជាវប្បធម៌ជនជាតិខ្មែរ យ៉ាងពិតប្រាកដ និងបានបន្សល់ទុកជា​កេរ្ត៍មកឲ្យកូនខ្មែរនៅជំនន់ក្រោយ។ 

នៅវត្តស្រឡូង ក្រៅពីការទស្សនាស្ថាបត្យកម្មដ៏វិសេស ដូចជាព្រះវិហារជាអាទិ៍ ប្រិយមិត្ត ក៏អាចស្រូបយកអាកាស ដ៏បរិសុទ្ធក្រោមម្លប់ឈើធំៗ និងផ្ការីកស្គូសស្គាយ ក្នុងសួនបរិវេណវត្ត ទៀតផង។ នៅក្បែរគល់ឈើធំៗ នោះ​មានកៅអីថ្ម​សម្រាប់ឲ្យប្រិយមិត្ត​​អង្គុយលំហែកាយ ពេលអញ្ជើញមកទស្សនាវត្ត ។ ជុំវិញព្រះវិហារ នៅទាំងមាន ពុទ្ធបដិមាធំ តូច គ្រប់បែប ដើម្បីប្រិយមិត្តដែល​ជា​ពុទ្ធ​បរិស័ទទស្សនា និង​គោរបបូជា​សុំសេចក្តីសុខ សេចក្តីចម្រើន។ ជាពិសេសវត្តស្រឡូង នៅទាំងមាន តុ កៅអី និងគ្រែ ដែលធ្វើពីឈើ ដ៏មានតម្លៃ ជាច្រើន។ ម៉្លោះហើយវត្តស្រឡូង ជានិច្ចកាល​តែងមាន​ភ្ញៀវជ្រើសរើស​ជាទីតាំង​សម្រាប់ការ​ធ្វើដំណើរ​ទេសចរណ៍​នៅ​ពេលដែល​អញ្ជើញមកខេត្តឃ្លាំងម្តងៗ៕

No comments:

Post a Comment